គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ (Pursat Special Economic Zone Co., Ltd.) ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តក្រោមទុនវិនិយោគប្រមាណ ៧០ លានដុល្លារអាម៉េរិក។ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់នេះ ស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណជាង ៧០ លានដុល្លារនៅលើផ្ទៃដីជាង ១៤០ ហិកតានិងអាចបង្កើតការងារបានចំនួន ៧០៨ កន្លែង។ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានប្រាប់អ្នកសារព័ត៌មានថា វត្តមានរបស់តំបន់សេដ្ឋកិច្ចពិសេសនៅលើទឹកដីខេត្តពោធិ៍សាត់នេះ នឹងជួយបង្កើតការងារនិងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋថែមមួយកម្រិតទៀតជាក់ជាមិនខាន។ លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិនបានលើកឡើងថា គម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសឬការបង្កើតរោងចក្រនឹងផ្ដល់ផលចំណេញដល់សេដ្ឋកិច្ច ដូចជាការបង្កើតការងារនិងផ្ដល់ជម្រើសការងារបន្ថែមដល់ប្រជាពលរដ្ឋ។ ជាពិសេស និស្សិតមួយចំនួនដែលរៀនផ្នែកព័ត៌មានវិទ្យាឬស្ថាបត្យកម្ម វិស័យមួយចំនួនមិនទាន់មានតម្រូវការផ្គត់ផ្គង់ការងារឱ្យនិស្សិតដែលបញ្ចប់ការសិក្សាបានច្រើននៅឡើយទេ។ យោងតាមរបាយការណ៍របស់ CDC នៅក្នុងរយៈពេល ៩ ខែនៃឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីសរុបចំនួន ៣១៥ គម្រោង មានទុនវិនិយោគសរុបប្រមាណជាង ៥ ប៊ីលានដុល្លារអាម៉េរិក ហើយអាចបង្កើតការងារបានប្រមាណជាង ២៥ ម៉ឺនកន្លែង។ ក្នុងនោះ សម្រាប់ខែកញ្ញា ឆ្នាំ២០២៤ គម្រោងវិនិយោគចំនួន ២៨ ដែលមានទុនវិនិយោគសរុបចំនួន ៤៤៣ លានដុល្លារ ត្រូវបានអនុម័តដោយ CDC។ គួររម្លឹកថា ការវិនិយោគពីប្រទេសចិននៅតែស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៣៨,២៣%នៃទុនវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុកគ្របដណ្ដប់៣២,៣២%នៃទុនវិនិយោគសរុប៕ |